skip to Main Content

តើខ្ញុំគួរទិញភាគហ៊ុនប៉ុន្មានទើបល្អ?

ការវិនិយោគលើភាគហ៊ុនអាចជារឿងគួរឱ្យរំភើប និងគួរឱ្យខ្លាចក្នុងពេលតែមួយ ជាពិសេសសម្រាប់អ្នកដែលទើបចាប់ផ្តើមដំបូង។ តើអ្នកគួរទិញភាគហ៊ុនប៉ុន្មានទើបល្អដើម្បីទទួលបានប្រាក់ចំណេញ?

ការវិនិយោគចម្រុះ

ការធ្វើពិពិធកម្មគឺជាគោលការណ៍គ្រឹះក្នុងការវិនិយោគដែលមានបំណងគ្រប់គ្រងហានិភ័យដោយវិនិយោគលើភាគហ៊ុនផ្សេងៗគ្នា។ ហេតុផលនៅពីក្រោយការធ្វើពិពិធកម្មគឺសាមញ្ញ៖ ប្រសិនបើភាគហ៊ុនរបស់ក្រុមហ៊ុនមួយដំណើរការមិនបានល្អ ភាគហ៊ុនផ្សេងទៀតអាចដំណើរការបានល្អ ការបែងចែកការវិនិយោគបែបនេះនឹងមិនប៉ះពាល់ខ្លាំងដល់ផលប័ត្ររួមរបស់អ្នកនៅពេលភាគហ៊ុនមួយក្នុងចំណោមភាគហ៊ុនផ្សេងទៀតធ្លាក់ចុះ។ អ្នកជំនាញភាគច្រើនណែនាំឱ្យទិញភាគហ៊ុនពី 10 ទៅ 20 ផ្សេងគ្នាដើម្បីធ្វើពិពិធកម្មផលប័ត្ររបស់អ្នកឱ្យបានត្រឹមត្រូវ និងកាត់បន្ថយហានិភ័យ។

កម្រិតហានិភ័យ

ចំនួនភាគហ៊ុនដែលចាក់ទុកថាល្អក៏អាស្រ័យទៅលើកម្រិតហានិភ័យដែលអ្នកហ៊ានទទួលយក។ ប្រសិនបើអ្នកចង់សម្រេចបានលទ្ធផលល្អ តែហានិភ័យខ្ពស់បន្តិច ចំនួនភាគហ៊ុនពី 10 ទៅ 15 គឺល្អ។ តែប្រសិនបើអ្នកជាអ្នកវិនិយោគមិនចង់ប្រថុយនឹងហានិភ័យខ្ពស់ អ្នកគួរទិញភាគហ៊ុនពី 25 ទៅ 30 ដើម្បីកាត់បន្ថយហានិភ័យរួមរបស់អ្នក។

គោលដៅវិនិយោគ

គោលដៅវិនិយោគរបស់អ្នកក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចចិត្តថាតើត្រូវទិញភាគហ៊ុនប៉ុន្មានផងដែរ។ តើអ្នកវិនិយោគសម្រាប់ប្រាក់ចំណេញរយៈពេលវែង ឬស្វែងរកប្រាក់ចំណូលតាមរយៈភាគលាភ? គោលដៅរបស់អ្នកនឹងកំណត់ប្រភេទភាគហ៊ុនដែលអ្នកវិនិយោគ និងកម្រិតនៃការធ្វើពិពិធកម្មដែលអ្នកត្រូវការ។ ឧទាហរណ៍ ប្រសិនបើអ្នកកំពុងស្វែងរកប្រាក់ចំណូលស្ថិរភាព អ្នកអាចជ្រើសរើសភាគហ៊ុនដែលផ្តល់ភាគលាភខ្ពស់។

ទំហំផលប័ត្រ

ទំហំនៃផលប័ត្រវិនិយោគរបស់អ្នកគឺជាកត្តាមួយទៀតដែលត្រូវពិចារណា។ ប្រសិនបើអ្នកមានផលប័ត្រតូច (លុយវិនិយោគតិច) វាអាចពិបាកក្នុងការសម្រេចបាននូវការធ្វើពិពិធកម្មគ្រប់គ្រាន់ជាមួយនឹងភាគហ៊ុនធំៗមួយចំនួន។ ក្នុងករណីបែបនេះ អ្នកអាចពិចារណាលើការវិនិយោគលើ ETFs ឬ Mutual Funds ដែលផ្តល់នូវការធ្វើពិពិធកម្មភ្លាមៗដោយមានភាគហ៊ុនច្រើនរួមបញ្ចូលគ្នា។

ជៀសវាងការធ្វើពិពិធកម្មជ្រុល

ការធ្វើពិពិធកម្មគឺចាំបាច់ តែមិនមានន័យថាអ្នកត្រូវទិញភាគហ៊ុនច្រើនជ្រុលនោះទេ។ ការទិញភាគហ៊ុនរបស់ក្រុមហ៊ុនច្រើនពេកអាចធ្វើអោយផលចំណេញនៃផលប័ត្ររបស់អ្នកធ្លាក់ចុះ។ អ្នកក៏ត្រូវចំណាយច្រើនលើថ្លៃប្រតិបត្តិការ និងលំបាកក្នុងការតាមដានភាគហ៊ុននីមួយៗរបស់អ្នកប្រកបដោយប្រសិទ្ធភាព។ ដូច្នេះហើយ វាជារឿងសំខាន់ក្នុងការធ្វើពិពិធកម្មដែលស្របនឹងគោលដៅវិនិយោគរបស់អ្នក។

គុណភាពជាជាងបរិមាណ

ជាជាងការកំណតចំនួនភាគហ៊ុន (បរិមាណ) នៅក្នុងផលប័ត្ររបស់អ្នក អ្នកគួរគិតពីគុណភាពនៃការវិនិយោគរបស់អ្នក។ អ្នកត្រូវធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ដើម្បីកំណត់ក្រុមហ៊ុនណាដែលមានមូលដ្ឋានរឹងមាំ គុណសម្បត្តិប្រកួតប្រជែង និងសក្តានុពលនៃកំណើន។ វាជារឿងល្អក្នុងការវិនិយោគលើភាគហ៊ុនដែលមានគុណភាពខ្ពស់ទោះក្នុងចំនួនតិច ជាងការទិញភាគហ៊ុនទូទៅក្នុងចំនួនច្រើន។

សេចក្តីសន្និដ្ឋាន

ដូច្នេះតើអ្នកគួរទិញភាគហ៊ុនចំនួនប៉ុន្មាន? ចំនួនភាគហ៊ុនដែលអ្នកគួរវិនិយោគគឺអាស្រ័យលើកាលៈទេសៈរបស់អ្នក ប៉ុន្តែអ្នកជំនាញភាគច្រើនណែនាំឱ្យទិញភាគហ៊ុនចម្រុះពី 10 ទៅ 20 ដែលមានគុណភាគខ្ពស់ដើម្បីកាត់បន្ថយហានិភ័យ។